ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងជាន់ខ្ពស់នៃក្រុមហ៊ុន DMG MORI ជួបសម្តែងការគួរសម

ចែករំលែក៖

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា (Masahiro Yanagihara) សមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកខាងសវនកម្ម និងការឃ្លាំមើល នៃក្រុមហ៊ុន DMG MORI ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ម៉ាស៊ីន Computerised Nmercial Control-CNC, ម៉ាស៊ីនកាត់ពត់-បត់ទម្រង់, អ៊ុលត្រាសូនិក, ម៉ាស៊ីនព្រីន 3D និងសេវាក្នុងការបណ្តុះបណ្តាល ជួសជុល និងថែទាំគ្រឿងបន្លាស់ ។ ក្រុមហ៊ុនមានរោងចក្រផលិតចំនួន ១២ទីតាំង និងស្នាក់ការលក់ចំនួន ១១៣កន្លែង គ្របដណ្តប់លើទីផ្សារចំនួន ៨៨ប្រទេស ។ នៅកម្ពុជា ក្រុមហ៊ុន DMG MORI បានសហការជាមួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digitalized Manufacturing Center – CJDM) ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឧស្សាហកម្មជាន់ខ្ពស់ ដើម្បីឆ្លើយតបដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា និងតំបន់ ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM) និងធនធានមនុស្សកម្ពុជា ឱ្យឈានឡើងថែមទៀតសម្រាប់ឆ្លើយតបនឹងបដិវត្តកម្មឧស្សាហកម្ម ៤.០ នៅកម្ពុជា ដែលការណ៍នេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងជំនួបនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានគូសញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ-ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយចំណេះដឹង និងសមត្ថភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល គាំទ្រ និងបង្កលក្ខណៈដល់ការបន្តដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM) ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដ៏សំខាន់មួយ ៕

ដោយ ៖ សហការី


ចែករំលែក៖