ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារប្រៀបដូចបេះដូង ប្រមូលឈាម ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិស័យធនាគារ មានសារៈសំខាន់ណាស់ ដូចពាក្យសាមញ្ញថា «ធ្វើកិច្ចការងារអ្វី បើអត់ថវិកា គឺមិនបានទេ ប៉ុន្តែបើមានថវិកាហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ និងមានយន្តការក្នុងការទ្រទ្រង់ជួយចរន្តសាច់ប្រាក់ទេ ក៏មានការលំបាកដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ធនគារបានតួនាទីសំខាន់ណាស់ក្នុងការបង្វិលសាច់ប្រាក់ ដូចជាការប្រមូលផ្តុំធនធានហិរញ្ញវត្ថុ និងបង្វិលបញ្ចេញទៅវិញ ធ្វើយ៉ាងណា ដើម្បីធានានូវដំណើរការសេដ្ឋកិច្ចជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិទ្ធិភាពនៃការធានាប្រព័ន្ធដំណើរការរបស់ធនាគារនៅកម្ពុជា គឺជាការធានាសុខភាពមួយ ហើយធនាគារប្រៀបដូចជាបេះដូង ដែលប្រមូលឈាមមក ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ។ ដូចនេះបើបេះដូងដើរមិនល្អទេ សុខភាពក៏មិនល្អដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ធនាគារទាំងអស់ក្នុងការផ្ដល់ឥណទានឲ្យបានច្រើនទៅដល់សហគ្រាសមីក្រូធនតូចនិងមធ្យម និងបង្កើនឥណទានទៅដល់វិស័យកសិកម្មផងដែរ។

សម្ដេចថាការធ្វើបែបនេះគឺដើម្បីជំរុញទៅដល់សេដ្ឋកិច្ចនិងការនាំចេញរបស់កម្ពុជា។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងប្រព័ន្ធទូរទាត់ (ឌីជីថល ) សំខាន់ណាស់ ប៉ុន្តែទាមទារ ដើម្បីសុវត្ថិភាព លឿន ប្រសិទ្ធភាព តែសុវត្ថិភាពផងដែរ។ ដរាបណា យើងប្រើប្រាស់ឌីជីថលហើយ បើមិនមានសុវត្ថិភាព យើងគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ ធនាគារពិភពលោក ដែលថា Hacker អាច Hack ធ្វើឲ្យប្រព័ន្ធច្របូកច្របល់។ អីចឹងការយកចិត្តទុកដាក់ ទៅលើការវិនិយោគ ទៅលើប្រព័ន្ធការពារ ធ្វើម៉េចឲ្យ កុំឲ្យថាបើកកុង ហើយព្រឹកឡើង (បាត់លុយ) ទៅណាអស់។ ការវិនិយោគប្រព័ន្ធធនាគារ ក៏នឹងជួយដល់ e-government របស់យើង»៕

ដោយ ៖ សហការី


ចែករំលែក៖