ព័ត៌មានទាន់ហេតុការណ៍៖

អំពីអនាគតអ៊ុយក្រែន រុស្ស៊ីបានត្រៀមលក្ខណៈវិភាគពីអនាគតអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះបានចុះផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូនេះបាននិយាយថា រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុបអំពីអនាគតរបស់អ៊ុយក្រែន ប្រសិនបើពួកគេយល់ព្រម ប៉ុន្តែថាទីក្រុងមូស្គូនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
កន្លងមក លោក ពូទីន ក៏ធ្លាប់បានលើកឡើងដូចគ្នានេះដែរថារូបលោកត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាពីសន្តិភាព ខណៈក្រុមមន្ត្រីលោកខាងលិចនិយាយថាលោកកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ជាមុនសិន មុននឹងសម្រេចចិត្តថាត្រូវឬមិនត្រូវចរចា។
ថ្លែងប្រាប់ថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៉ីក្នុងកិច្ចប្រជុំមួយ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «នៅអ៊ុយក្រែន មនុស្សដែលមានអរិភាពចំពោះរុស្ស៉ី រួមទាំងមនុស្សនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ថាតើពួកគេចង់ចរចាដែរឬទេ? ដូច្នេះវាអាស្រ័យលើពួកគេចង់ឬមិនចង់ រីឯពួកយើងវិញ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដោយឈរលើមូលដ្ឋានប្រយោជន៍ជាតិរបស់យើង»។
មកទល់នឹងពេលនេះ រុស្ស៉ីកំពុងគ្រប់គ្រង ១៧.៥ភាគរយ នៃទឹកដីអ៊ុយក្រែន ហើយបើតាមលោក ពូទីន មូស្គូនឹងមិនបោះបង់ចោលនូវអ្វីដែលជាកម្មសិទ្ធិរបស់រុស្ស៉ីនោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ ngaynay.vn)


ចែករំលែក៖