ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖

ទី១-ចំនួន ៩០% នៃការចរាចរទំនិញនៅលើពិភពលោក នៅតែដឹកតាមកប៉ាល់

ទី២-ថ្លៃដឹកជញ្ជូនទាប

ទី៣-ការតភ្ជាប់រវាងកំពង់ផែទៅកំពង់ផែ មានភាពងាយស្រួលជាងនៅលើដី

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ។  

ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាដាក់គោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវ Highway បន្ថែម និងធ្វើទំនើបកម្មនិងកែលម្អផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមថ្មីក៏ដោយ ក៏ការដាក់ទិសដៅក្នុងការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មិនអាចខ្វះបាន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះការសិក្សាពង្រីកបន្ថែមកំពង់ផែទឹកសាបកម្ពុជា ត្រូវឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ដោយអនុវត្តស្របតាមរូបមន្ត ភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន (PPP)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន និងបណ្ដាប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលកន្លងមកបានផ្ដល់ឥណទានដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ នាវាវេស្ទើរ ដាម ដែលធ្លាប់កម្ពុជាអនុញ្ញាតឱ្យចូលចតនៅអំឡុងការរីករាលដាលនៃជំងឺកូវីដ នឹងមកដល់កម្ពុជា ដោយនាំទេសចរប្រមាណ ៤០០០ នាក់ដែលរស់នៅប្រទេសជាច្រើន មកកម្សាន្តទស្សនានៅកម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖