ខេត្តស្ទឹងត្រែង៖ មន្ត្រីខណ្ឌជលផលនិងប្រជាសហគមន៍នេសាទបានដកហូតដុតបំផ្លាញចោលនៅនឹងកន្លែង មងប្រវែងជិត១៣ ពាន់ម៉ែត្រ និងសន្ទូចរនង ១២០០០ ផ្លែ ក្នុងប្រតិបត្តិការចុះធ្វើល្បាតនៅតាមដងទន្លេមេគង្គ ក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងថ្ងៃទីចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ធ្នូ ឆ្នាំ២០២៣នេះ។
មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបញ្ជាក់ថា ឧបករណ៍ទាំង នេះក្រុមប្រតិបត្តិការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុងអភិរក្សសត្វផ្សោតមេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ដែលជនសង្ស័យលួចយកទៅដាក់ពេល យប់ ដែលបង្កផលប៉ះពាល់ដល់ប្រភេទធនធានជល ផលដែលកំពុងរងគ្រោះថ្នាក់ដូចជាត្រីរាជ-ត្រីកន្ត្រប់ខ្លា -ត្រីគល់រាំងនិងសត្វផ្សោតជាដើម ។ល។
មន្ត្រីខាងលើបន្តថា កិច្ចសហប្រតិបត្តិការនេះមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា,ប៉ុស្តិ៍កោះជ្រឹម, ប៉ុស្តិ៍សៀមបូក,ប៉ុស្តិ៍កោះសំពាយសហការជាមួយប្រជាសហគមន៍នេសាទកោះសំពាយ,ស្រែក្រសាំង,កោះព្រះ, កោះជ្រឹម,អូរម្រះ,អូរច្រឡង់និងភ្ជុល ធ្វើសកម្មភាពចុះល្បាតចាប់ពីកន្ទុយកោះសន្ទុក រហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដែលជាតំបន់ស្នូលហាមឃាត់ធ្វើនេសាទ ។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅតាមតំបន់គ្រប់គ្រងការ ពារត្រីមេពូជនិងសត្វផ្សោតទន្លេមេគង្គនិមួយៗ។ មន្ត្រីជំនាញនិងឆ្នាំទន្លេ បានបោះបង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ ធ្វើនេសាទទាំងរដូវបិទនិងបើកធ្វើនេសាទ តែប្រជានេសាទមួយចំនួន មិនទាន់ភ្ញាក់រឭកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញពីភាពទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងអាស្រ័យផល ជាអ្នករងផលប៉ះពាល់មុនគេគឺជារបស់ប្រជាពលរដ្ឋទាំងអស់នៅប្រទេសកម្ពុជារបស់យើងជាពិសេសប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងតែម្តងបើអស់ពីធនធានទាំងអស់នេះគឺបងប្អូនអ្នកប៉ះមុនគេហើយបងប្អូនប៉ះហើយ កូនរបស់បងប្អូន និងចៅរបស់បងប្អូនក៍ប៉ះជាបន្តបន្ទាប់ផងដែរ អ៊ីចឹងទេមានតែចូលរួមទាំងអស់គ្នាទេដើម្បីថែរក្សាឱ្យបានគង់វង្សតរៀងទៅ។
សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះ ក្រុមប្រតិបត្តិការដកហូតបានមង១៤៣ត្បូងស្មើនិងប្រវែង ១១.៤៤០ម៉ែត្រចាប់ពីក្រឡា ៧សង់ទីម៉ែត្រ ដល់ ទៅ១៦សង់ទីម៉ែត្រនិងដកហូតសន្ទូចរនងបានចំនួន ១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញចោលនៅនិងកន្លែងភ្លាមៗតែម្តង៕
ដោយ៖ សូរិយា