ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល​ នៅខេត្តកំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖​ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាលនៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។

ជាមួយគ្នានោះ​ លោក ស សូរិន​ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា។

គួររម្លឹកថា​ លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតរូបនេះ​ កន្លងទៅធ្លាប់បានឱ្យដឹងដែរថា៖ សត្វផ្សោតទឹកប្រៃ ឬត្រី Dolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះ មានវត្តមាននៅក្នុងកម្ពុជាជាយូរមកហើយ តែពុំសូវមានអ្នកបានដឹង។

លោកបន្តថា សត្វផ្សោតផ្កាឈូកនេះ តែងតែត្រូវបានប្រជានេសាទ ប្រទះឃើញវាហែលប្រឡែងគ្នាលេង និងរកចំណី នៅក្នុងដែនសហគមន៍ព្រែកត្នោត និងសហគមន៍ចង្ហោន ក្នុងក្រុងបូកគោ ខេត្តកំពត។

នាយខណ្ឌរដ្ឋបាលរូបនេះ​ បន្ថែម​ថា អាជ្ញាធរខេត្តកំពតកំពុងតែសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ក្នុងការអភិវឌ្ឍដែនសហគមន៍ទេសចរណ៍ធម្មជាតិព្រែកឆ្នោត ឬហៅថាអន្លង់ធំ និងដែនសហគមន៍ទេសចរណ៍ដង្ហោន ដើម្បីរៀបចំឱ្យភ្ញៀវទេសចរចូលមកកម្សាន្ត និងទស្សនាសត្វផ្សោតទឹកប្រៃប្រភេទនេះ ហើយខេត្តកំពត នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមរយៈការចូលទស្សនាសត្វផ្សោតផ្កាឈូកនេះ។

គួរបញ្ជាក់ផងដែរថា ផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕

ដោយ៖ សហការី


ចែករំលែក៖