ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត​ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តដោយប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃ ទី២៤ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ ដើម្បីអនុវត្តតាមនីតិវិធី​៕

  សមត្ថកិច្ចអាវុធហត្ថប្រាប់ថាៈកាលពីវេលាម៉ោង១៩និង១៥នាទីថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០២៣ លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួ​ន។ 

   លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ចិន រស្មី ហៅ​ វ៉យ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សម្ភារៈវត្ថុតាងចាប់បានរួមមាន​ ៖​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០១ថង់កិប ទម្ងន់ ២,៣៥ក្រាម,​ កង់អាគុយ ពណ៌ទឹកសមុទ្រ ចំនួន ០១គ្រឿង,​ ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក OPPO F9 ពណ៌ស្វាយ)។ 

​ លោកបន្តថា​ មុនពេលបង្រា្កបនៅវេលាម៉ោងខាងលេី​ លោក​បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ​ លុះដល់ចំណុចកេីតខាងលើបានប្រទះឃើញជនសង្ស័យ​ជិះកង់អាគុយ ហើយបានឈប់គួរឱ្យសង្ស័យ កម្លាំងក៏បានហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរ ឃើញមានគ្រឿងញៀន​ ដាក់ក្នុងថង់ដៃពណ៌ស ព្យួរនឹងដៃកង់អាគុយ។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានធ្វើការឃាត់ខ្លួនតែម្តង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ​ និងចាត់ការតាមនីតិវិធី ។   

    ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​  ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាកដមែន។         

ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។ 

 លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖