ព័ត៌មានទាន់ហេតុការណ៍៖

មានជនខិលខូច លួចប្រើក្នុងប្រព័ន្ធ Facebook និង Messenger នៃអាខោនឯកជន ឈ្មោះ Phaybunchhoeun

ចែករំលែក៖

ភ្នំពេញ ៖ មានជនខិលខូច លួចប្រើក្នុងប្រព័ន្ធ Facebook និង Messenger  នៃអាខោនឯកជន ឈ្មោះ Phaybunchhoeun  ក្នុងចេតនាទុច្ចរិត ប៉ះពាល់ កិត្តិយស ក្រុមគ្រួសារ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន សង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវ ចាត់វិធានការ ចំពោះជនខិលខូចទាំងនេះ ដើម្បីការពារដល់សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ ។ 

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបង្ហោះលើផេកផ្លូវការថា៖ ខ្ញុំបាទ ផៃ ប៊ុនឈឿន សូមប្រកាស​ជូនដំណឹងជាសាធារណៈ សូមសាធារណៈជនមេត្តាជ្រាប៖

    រយៈពេលប៉ុន្នានថ្ងៃនេះ ក្នុងប្រព័ន្ធ Facebook និង Messenger  នៃអាខោនឯកជន ឈ្មោះ Phaybunchhoeun ដែលមានរូបថត កូនចៅ ក្នុងក្រុមគ្រួសាររបស់ខ្ញុំ ត្រូវបានជនខិលខូច ហែកយកទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត ដូចជា ការខ្ចីលុយ ការវេរលុយច្រឡំលេខ ការសុំឲ្យវេរលុយផ្ទេរត្រឡប់វិញ ការសុំលុយដើម្បីទូទាត់ការពិនិត្យសុខភាព និងបញ្ហាជាច្រើនទៀតដែលពាក់ព័ន្ធទៅបទឧក្រិដ្ឋ។ល។ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃបុគ្គលឯកជន របស់ខ្ញុំយ៉ាងខ្លាំង។

  ខ្ញុំបាទសូមប្រកាសជាផ្លូវការថា ខ្ញុំបាទមិនបានធ្វើនូវអំពើថោកទាបទាំងនេះទេ ហើយសូមបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវចំពោះការលួចលេងល្បែងទុច្ចរិតនេះ។

    លោករដ្ឋលេខាធិការ បានបន្តថា៖ ខ្ញុំបាទសូមគោរពអរគុណ ចំពោះបងប្អូន មិត្តភ័ក្ត្រក្នុងហ្វេសប៊ុកជាច្រើន ដែលបានទាក់ទង បង្ហាញការពិតមកខ្ញុំផ្ទាល់ ។

  ខ្ញុំបាទនឹងប្តឹងទៅស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច ចំពោះបុគ្គលដែលជាជនទុច្ចរិតទាំងនេះ និងចាត់ការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។ សូមអរគុណ។ 

ដោយ ៖ សិលា


ចែករំលែក៖