ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិអសមត្ថភាពក្នុងការបញ្ចប់សង្គ្រាមអុីស្រាអែលនៅកាហ្សាដែលសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិះគន់ចំពោះការអសមត្ថភាពនៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) យ៉ាងហិនហោច និងធ្វើឱ្យប្រជាជននៅទីនោះរងទុក្ខវេទនាជាខ្លាំង។
ការអត្ថាធិប្បាយដូចខាងលើរបស់លោក Raisi នៅទីក្រុងតេហេរ៉ង់ ក្នុងន័យគាំទ្រប៉ាឡេស្ទីន គឺធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តចំពោះសេចក្តីសម្រេចមួយ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ សេចក្តីសម្រេចនោះ ទាមទារឱ្យបង្កើនជំនួយមនុស្សធម៌ចូលទៅតំបន់ Gaza ហើយទន្ទឹមគ្នាក៏បានទទូចផងដែរ ឱ្យបង្កើតលក្ខខណ្ឌដើម្បីផ្អាកអរិភាពនានាដែលអាចមាននិរន្តរភាព ដោយមិនអំពាវនាវស្វែងរកការបិទបញ្ចប់ជាបន្ទាន់នៃសង្រ្គាមតែម្តងឡើយ។
សង្រ្គាមនៅ Gaza បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស់ឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ហើយសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ អ៉ីស្រាអែលក្នុងថ្ងៃដដែលក៏បានចាប់ផ្តើមបើកប្រតិបត្តិការយោធាក្តៅគគុកដើម្បីសងសឹកវិញ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២០,២៥៨នាក់ ភាគច្រើនជាស្រ្តីនិងកុមារ នៅតំបន់ Gaza គិតមកទល់ពេលនេះ។
លោកប្រធានាធិបតីអ៉ីរ៉ង់ បានលើកឡើងដូច្នេះថា «អសមត្ថភាពនិងអប្រសិទ្ធភាពនៃស្ថាប័នអន្តរជាតិ បានបង្ហាញចេញមកយ៉ាងច្បាស់ឱ្យមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកបានឃើញ។ ក្រុមប្រឹក្សាសន្តិសុខ UN បានប្រកាសជាផ្លូវការអំពីភាពសង្ឃឹមរបស់ខ្លួន ហើយនិយាយថា គ្មានអ្វីដែលយើងអាចធ្វើបានទេ។ ចំណែកឯអង្គការអន្តរជាតិទាំងឡាយ ដែលបានប្រកាសដូចគ្នាដែរថា ពុំមានអ្វីដែលពួកគេបានធ្វើបានដើម្បីបញ្ចប់សង្រ្គាមនេះឡើយ»។ អ៉ីរ៉ង់បានហៅ ការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ថា ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែមិនគ្រប់គ្រាន់។
ក្រុមផ្តល់ជំនួយព្រមទាំងអង្គការអន្តរជាតិបានត្រឹមតែព្រមានម្តងហើយម្តងទៀត អំពីស្ថានភាពដ៏អន្តរាយនៅតំបន់ Gaza និងអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស់ ដែលបានអូសបន្លាយប្រមាណ១១សប្តាហ៍មកហើយ។ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថា សង្រ្គាមនៅ Gaza បានបកស្បែកមុខពិតរបស់សហរដ្ឋអាមេរិក និងក្រុមលោកខាងលិច ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖