ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានឱ្យដឹងនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះថា មានលោកតាម្នាក់បើកម៉ូតូតាមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូមកបុកពីក្រោយបណ្តាលឱ្យលោកតាដួលបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម៉ូតូជនបង្កដួលខ្ទាតទៅប៉ះនឹងម៉ូតូម៉ាក CRF មួយគ្រឿងផ្សេងទៀត ជិះដោយមន្រ្តីនគរបាលដួលសង្កត់លើគ្នា ហើយបុរសជាជនបង្កលើកម៉ូតូជិះគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់រាចរណ៍នេះបានកើតឡើតកាលពីព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវសម្តេចជាស៊ីម ចំណុចខាងត្បូងផ្សារបឹងបៃតង ប្រហែល២០០ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ភុំ ផាវ៉ាត អាយុ៧១ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុមានលោកតាម្នាក់ឈ្មោះ ភុំ ផាវ៉ា ជាជនរងគ្រោះបានជិះម៉ូតូម៉ាក Honda cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AK-8603 តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីជើងមកត្បូង ខណៈបើកមកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនក្នុងគោលបំណងបម្រុងបត់ឆ្វេងចូលទៅទិញកាហ្វេនៅក្នុងការាសសាំង PTTក្បែរកន្លែងកើតហេតុ ពេលនោះដែរស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីជើងមកត្បូងយ៉ាងលឿន មកបុកម៉ូតូម៉ាក Honda cub ជិះដោយជនរងគ្រោះចំពីក្រោយពេញទំហឹងបណ្តាលឱ្យដួលខ្ទាតទៅខាងស្តាំដៃប៉ះនិងម៉ូតូម៉ាកហុងដា CRF ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1.2166 ជិះដោយបុរសជាមន្រ្តីនគរបាលម្នាក់ ដែលធ្វើដំណើរស្របគ្នាពីជើងមកត្បូង បណ្តាលឱ្យដួលខ្ទាតពេញផ្លូវធ្វើឱ្យបុរសវ័យ៧១ឆ្នាំស្លាប់ភ្លាមៗ ពេលនោះដែរបុរសដែលបើកម៉ូតូឌ្រីម ក៏ប្រញាប់លើកម៉ូតូជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល នៅតែម៉ូតូរងគ្រោះជិះដោយបុរសជាមន្រ្តីនគរបាលម្នាក់នៅនឹងកន្លែង។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ