ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ជាផ្លូវការ ទៅលើ ជនបង្កបើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ចំពោះ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយ ចោទប្រកាន់ពីបទ (បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យស្លាប់អ្នកដទៃ និង បទរត់គេចខ្លួន តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ)។

ជនបង្ករួបនេះត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា  ជនបង្កបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយចូលបុណ្យ១.០០០ដុល្លារដើម្បីបញ្ចប់រឿង។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់។

បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមបើកការស៊ើបសួរនៅឡើយ វាសនារបស់ជនបង្កអាចជាប់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃស្អែកនេះឬយ៉ាងណា ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖