ភ្នំពេញ ៖ កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ចំណែកឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។ វិស័យដ៏មានសក្តានុពលដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើនពាសពេញផ្ទៃប្រទេស។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។ រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤។
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ៖ ការធ្វើពិពិធកម្មទីផ្សារ ជួយយើងមិនឱ្យស្លាប់ក្រឡា..!
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ការធ្វើពិពិធកម្មទីផ្សារ នឹងជួយយើងមិនឱ្យស្លាប់ក្រឡា ដែលជាក់ស្ដែងយើងនាំចេញទៅអាមេរិកទៅអឺរ៉ុបច្រើន ប៉ុន្តែយើងក៏ចាប់ផ្តើមនាំចេញទៅតាមប្រទេសផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ ឥឡូវនេះយើងបង្កើនមុខព្រួញទៅកាន់បណ្ដាប្រទេសអារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីនាំចេញកសិផលរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រទេសខ្លះទាមទារស្តង់ដារខ្ពស់ ដូច្នេះផលិតផលប្រទេសយើងមិនអាចនាំចេញទៅកាន់ប្រទេសទាំងនោះបានទេ។ ប៉ុន្តែយើងមិនស្លាប់ក្រឡាទេ ពោលគឺយើងត្រូវរកទីផ្សារផ្សេងទៀត ជួនកាលស្តង់ដារខុសគ្នា បើមិនបានលក់ ១០០ ក៏បានលក់ ១ ដែរ។ ហើយបើមិនបាននាំចេញទៅប្រទេសអ្នកមានដែលមានលទ្ធភាពទិញ ១០០ ក៏យើងអាចនាំចេញទៅប្រទេសតូចៗមួយចំនួនបានដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្មរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។
ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការរក្សាសក្តានុពលថ្មីនេះ ត្រូវតែបន្តធ្វើតទៅទៀត ជាពិសេសការបើកមុខព្រួញប្រទេសនាំចេញទៅតាមផលិតផលដែលយើងមានស្រាប់ ឬការបង្កើតផលិតផលថ្មីៗបន្ថែមជាដើម៕
ដោយ ៖ សិលា