ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាខណៈមកពីកម្មវិធីជប់លៀងវិញក៏ចូលទៅសម្រាកពេលប្រពន្ធទៅដាស់បែរជាបាត់មាត់កខំដឹកប្តីទៅមន្ទីរពេទ្យក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ័សែនជ័យ។
ជនរងគ្រោះ(សព) ឈ្មោះ ធូក ចទ្ធី ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរ យោធា កងឯកភាព យោធភូមិភាគពិសេស មានស្រុកកំណើត ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្ដីរបស់គាត់មានកម្មវិធីជប់លៀង ហើយហូបស្រាបៀរអស់បួនទៅប្រាំកំប៉ុង ក៏ចូលសម្រាកធម្មតា បានមួយសន្ទុះស្រាប់តែប្ដីរបស់គាត់ ថ្ងូរតិចៗតែមិនចាប់អារម្មណ៍ ហើយប្រពន្ធជនរងគ្រោះ បានដាស់ដែរតែមិនភ្ញាក់ បន្ទាប់មកគាត់ក៏បានដឹកប្ដីរបស់គាត់ទៅមន្ទីរពេទ្យរ៉ូយ៉ាល់ តែពេទ្យបានប្រាប់ថាប្ដីរបស់គាត់បានស្លាប់បាត់ហើយ បន្ទាប់មកក៏ដឹកសពមកបន្ទប់ជួលវិញ ហើយក៏រាយការណ៍ជូនទៅសមត្ថកិច្ចតែម្ដង។
តាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង អាចមកពីជំងឺបេះដូង។
បច្ចុប្បន្នសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖សុខាសែនជ័យ