ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត​ បញ្ជូនជនសង្ស័យ០​៣នាក់​ ទៅសាលាដំបូងខេត្ត ករណី ដឹកជញ្ជូន និងប្រើប្រាស់សារធាតុ​ញៀន ជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យគ្រឿងញៀន បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០​៣នាក់​ ទៅសាលាដំបូងខេត្ត ករណី ដឹកជញ្ជូន និងប្រើប្រាស់សារធាតុ​ញៀន ជិត១គីឡូក្រាមទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ ទី២៦​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ ដើម្បីអនុវត្តតាមនីតិវិធី​។

 សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ​២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបេីកប្រតិបត្តិការបង្រ្កាបករណី ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ជិត១គីឡូក្រាម​ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ បានប្រាប់ឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់​ ១-ឈ្មោះ អ៊ូ ចាន់ជីតា ហៅតា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ដឹកជញ្ជូន និងប្រើប្រាស់),​ ២-ឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើតភូមិចក្រត្រឡក ឃុំចក្រត្រឡក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត(ដឹកជញ្ជូន និងប្រើប្រាស់),​ ៣-ឈ្មោះ ជួន វុត្ថា ហៅឡង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីកន្លែងកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ សម្ភារៈវត្ថុតាងចាប់បានរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (កេតាមីន) ចំនួន០១កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៩៤៥,១០ក្រាម(ថ្លឹងទាំងសម្បកថង់),​ -ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA ZOOMER X ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ប.ជ 1R-6237) ,​ -ទូរស័ព្ទ ចំនួន០៥គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខៀវ ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង, ម៉ាកណូគាចុចពិល ពណ៌ទឹកប៊ិច ០២គ្រឿង),​ -ស៊ីមទូរស័ព្ទ ចំនួន ០២(លេខ០៩៧ ៥៣៧ ៥៤២៣, ០៦៨ ២៨៤ ០៩៣),​ -អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ចំនួន ០១សន្លឹក,​ -កាតចាក់វ៉ាក់សាំង ចំនួន ០១សន្លឹក,​ -កាតសម្រាប់ចេញ-ចូលថៃ ចំនួន ០២សន្លឹក,​-កាបូបស្ពាយ ចំនួន ០១។ 

 លោក​បន្តថា​ មុនដល់ការបង្រា្កបករណីខាងលេី​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានទទួលព័ត៌មានពីអ្នករត់តាក់ស៊ីថា នៅពេលឡានរបស់ខ្លួនបែកកង់ នៅចំណុចម្តុំផ្សារគុត្តសត តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូប ឃុំកូប ស្រុកអូរជ្រៅ  ហើយបានឈប់នៅទីនោះក៏បានប្រទះឃើញភ្ញៀវរបស់ខ្លួនម្នាក់ ភេទប្រុស បានកាន់អោបថង់ក្រដាសចំនួន០១ដុំ ពណ៌ត្រួយចេក ជាប់នឹងខ្លួន  ដោយមានការសង្ស័យថាជាគ្រឿងញៀន ហើយក៏បានរាយការណ៍មកកាន់កម្លាំងតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ លោកបានរាយការណ៍សុំយោបល់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ហើយលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលើ បានឃើញជនសង្ស័យម្នាក់ ឈ្មោះ អ៊ូ ចាន់ជីតា ហៅ តា នៅក្នុងរថយន្ត ហើយលោកបានចាត់ឱ្យកម្លាំងធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា(កេតមីន) ចំនួន ០១កញ្ចប់ធំ និង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់តូច ទម្ងន់ ៩៤៥,១០ក្រាម នៅក្បែរខ្លួនជនសង្ស័យ។ បន្ទាប់មកកម្លាំងក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ និងដកហូតវត្ថុតាងនោះ ហើយនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។​ បន្ទាប់ពីការឃាត់ខ្លួនឈ្មោះ អូ ចាន់ជីតា ហៅតា យកមកសួរនាំ ជនសង្ស័យរូបនោះ បានសហការជាមួយកម្លាំងជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត​រួមនឹងវត្ថុតាង​ ទូរស័ព្ទ ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលភ្នំមាស ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបានដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាកដមែន។​ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង​ បច្ចុប្បន្ន កម្លាំងការិយាល័យគ្រឿងញៀន បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖