សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពជើងទឹកឥណ្ឌា បានប្រកាសថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៉ីលប៉ុន្មានគ្រឿងទៅកាន់តំបន់សមុទ្រអារ៉ាប់ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែលបានរងការវាយប្រហារនៅកៀកឆ្នេរសមុទ្ររបស់ឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌាបានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌាកំពុងស៉ើបអង្កេតស្ថានភាពជាក់លាក់ជុំវិញករណីវាយប្រហារលើកប៉ាល់ដឹកសារធាតុគីមីឈ្មោះ MV Chem Pluto ដែលបានចូលចតនៅកំពង់ផែទីក្រុង Mumbai កាលពីថ្ងៃចន្ទ ខណៈរបាយការណ៍ដំបូងបានចង្អុលទៅកាន់ការវាយប្រហារដោយយន្តហោះដ្រូន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តយ៉ាងដូច្នេះថា «ដោយសារមានករណីវាយប្រហារជាបន្តបន្ទាប់នៅម្តុំតំបន់សមុទ្រអារ៉ាប់ កងទ័ពជើងទឹកឥណ្ឌាបានសម្រេចចិត្តដាក់ពង្រាយនាវាបំពាក់មីស៉ីល INS Mormugao, INS Kochi និង INS Kolkata ទៅកន្លែងផ្សេងៗនៃតំបន់សមុទ្រនេះ ដើម្បីជាវិធានការទប់ស្កាត់»។
កាលពីថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលចោទថា ទីក្រុងតេហេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ MV Chem Pluto ដោយថា វាជាការចោទប្រកាន់គ្មានមូលដ្ឋាន។ ការបដិសេធនេះធ្វើឡើងក្រោយមន្ទីរបញ្ចកោណអាមេរិក បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ យន្តហោះដ្រូន១គ្រឿងដែលបាញ់ចេញពីប្រទេសអ៉ីរ៉ង់ បានវាយប្រហារចំកប៉ាល់នោះ នៅមហាសមុទ្រឥណ្ឌា ត្រង់ចំណុចមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រឥណ្ឌា៕
ដោយ៖ ធីរីណា(រូបថត៖ DW)