ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានីភ្នំពេញ ត្រូវបានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារអាជីវកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែតខាងលើ ត្រូវបានបង្ហូរចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាមបែបធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។
ទោះជាយ៉ាងណាក៏ដោយបរិស្ថានទឹកនៅក្នុងរាជធានីភ្នំពេញ មានការយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរដោយសារតែភាពខ្វះខាតក្នុងការថែទាំអាងបង្គន់មិនបានគ្រប់គ្រាន់ និងការចុះថយនៃមុខងារបន្សុទ្ធទឹកតាមបែបធម្មជាតិនៅក្នុងបឹងបួរបណ្តាលមកពីការគ្រប់គ្រងពុំបានហ្មត់ចត់លើការចាក់រានដី និងការអភិវឌ្ឍន៍។ ជាពិសេសផ្ទៃបឹងជើងឯកដែលជាតំបន់ស្ថិតនៅក្នុងគម្រោងសិក្សាត្រៀមនេះមានការថយចុះយ៉ាងខ្លាំង ជាពិសេសចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹង។
ដោយឃើញពីបញ្ហាខាងលើនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានសិក្សាលើគម្រោងកែលម្អប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់រាជធានីភ្នំពេញ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងគម្រោងការសិក្សានេះ ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងការកែលម្អប្រព័ន្ធលូហៅកាត់ថា «គម្រោងមេ M/P» ត្រូវបានបង្កើតឡើង សម្រាប់គោលដៅឆ្នាំ២០៣៥។ ក្នុងគម្រោងមេនេះ តំបន់ប្រព្រឹត្តកម្មបឹងជើងឯកដែលបច្ចុប្បន្នទឹកសំណល់កខ្វក់ពីកណ្ដាលរាជធានីភ្នំពេញ ត្រូវបានបង្ហូរចេញទៅកាន់បឹងជើងឯកតាមរយៈប្រឡាយ និងបណ្តាញលូ ដែលមានស្រាប់ត្រូវបានកំណត់ឱ្យប្រើប្រាស់ប្រព្រឹត្តកម្មប្រមូលផ្តុំនៅក្រៅតំបន់។ លើសពីនេះទៅទៀតផែនការអនុវត្តជាដំណាក់កាលសម្រាប់តំបន់ប្រព្រឹត្តកម្មទឹកកខ្វក់រយៈពេលខ្លី (ដល់ឆ្នាំ២០២០) រយៈពេលមធ្យម (ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០៣០) និងរយៈពេលវែង(ពីឆ្នាំ២០៣១ដល់ ឆ្នាំ២០៤០) ត្រូវបានបង្កើតឡើង។
គម្រោងនេះមានគោលដៅសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បំពង់លូ និងសំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ដោយផ្អែកលើកម្មវិធីរយៈពេលខ្លីក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
សំណង់ក្នុងគម្រោងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះរួមមាន៖
១៖ សំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបាន ៧ម៉ែត្រគូបក្នុងមួយនាទី។
២៖ ផ្លូវសម្រាប់ថែទាំប្រឡាយ និងសម្រាប់ជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រវែងប្រមាណ ១,៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្រាលកៅស៊ូ AC។
៣៖ បំពង់លូដែកទំហំ ០.៣ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
៤៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
គម្រោងទាំងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ២៤លានដុល្លារអាមេរិក។ ថវិកានេះ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕
ដោយ៖ ស តារា