ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែស្លាកស្នាមនៅតែមាននៅលើទឹកដីកម្ពុជា ហើយកន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់សាកសពដ៏ធំ ក្រោមរបបខ្មែរក្រហម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
សម្ដេចធិបតី បានថ្លែងបន្តថា សោកនាដកម្មនៃការបាត់បង់អាយុជីវិតពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម កើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពល និងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥។ នេះគឺជាប្រវត្តិសាស្ត្រនៃការឈឺចាប់ ដែលនៅតែដិតដាមនៅកម្ពុជា ហើយយើងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ៖ ការអភិវឌ្ឍដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ កើតឡើងដោយសារតែកត្តាសុខសន្តិភាព ដែលយើងបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ការពារ ថែរក្សា សុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស។
សូមបញ្ជាក់ថា ៖ សមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ជាស្ថានីយថ្មីទំនើបប្រភេទ PTF ដំណើរការចម្រោះទឹកកខ្វក់ ២៤ម៉ោងលើ២៤ម៉ោង ដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ និងបូមទឹកកខ្វក់ពីស្ថានីយបូមទឹកបឹងត្របែក។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់គម្រោង ២៤ លានដុល្លារ។ យោងតាមការពិសោធន៍ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ទឹកកខ្វក់មុនឆ្លងកាត់ការច្រោះមាន BOD = 80mg/l និងក្រោយឆ្លងកាត់ការច្រោះរួចក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ ដែលមាន BOD=11mg/l ប៉ុណ្ណោះ ៕
ដោយ ៖ សិលា