ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃ២៧ខែធ្នូឆ្នាំ២០២៣នេះថា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឡូត៍អភិរក្ស(ឡូត៍លេខ២) ស្ថិតនៅចំណុចអូរកូនយំ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការខាងលើនេះលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការដកហូត សាច់មងប្រវែង១៥០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន០៣គ្រឿង និងបង្គោលចំនួន ២០០ដើម។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការរយៈពេលពេញមួយថ្ងៃចំពោះវត្ថុតាងខាងលើត្រូវបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕
ដោយ៖ ចន្ទ លីហ្សា