ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីលោកតាម្នាក់ជាគណៈកម្មការអាចារ្យវត្តប្រាប់ថា មានយុវជនម្នាក់បានវាយបំផ្លិចបំផ្លាញរូបបដិមានៅក្នុងវត្តព្រៃជុំ ហើយព្យាយាមរត់គេចខ្លួន។
ការឃាត់ខ្លួនយុវជននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនទមិឡបានគឺកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍យុទ្ធសាមគ្គីបានទទួលព័ត៌មានពីប្រធានគណៈកម្មការវត្តឈ្មោះ បុិច ឡេង ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានរាយការណ៍មកថាមានយុវជនសង្ស័យម្នាក់ ឈ្មោះ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានវាយបំផ្លាញរូបព្រះបដិមានិងជេីងពានផ្កាឈូកសម្រាប់ដោតធូបនៅក្រោមដេីមពោធិ៍ក្នុងវត្តព្រៃជុំ ស្ថិតនៅក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតដាច់ព្រះកេសរូបបដិមាមួយអង្គនិងបែកបាក់ជេីងពានសម្រាប់ដោតធូប។
ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលយុទ្ធសាមគ្គីបានសហការជាមួយកម្លាំងស្រុកធ្វេីការឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ សូរិយា