ព័ត៌មានទាន់ហេតុការណ៍៖

សមុទ្រក្រហម៖ ទាហានអាមេរិក កម្ទេចយន្ដហោះដ្រូន ១២គ្រឿង និងមីស៊ីល ៥គ្រាប់របស់ក្រុមហ៊ូទី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាយោធាអាមេរិកបាញ់ទម្លាក់យន្ដហោះដ្រូន ច្រើនជាង១០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់បាញ់ដោយក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន ដែលមានគោលដៅលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហម។
តាមមន្ទីរបញ្ចកោណ យោធាអាមេរិកបានបាញ់ទម្លាក់យន្ដហោះដ្រូន ១២គ្រឿង និងមីស៊ីល ៥គ្រាប់បាញ់ដោយក្រុមហ៊ូទី ក្នុងរយៈពេល ១០ម៉ោង ដោយមិនបានបង្កការខូចខាតដល់កប៉ាល់ ឬក៏មានអ្នករងរបួសនោះឡើយ។ មុនការអះអាងរបស់មន្ទីរបញ្ចកោណ ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាខ្លួនបានបើកការវាយប្រហារដោយបាញ់មីស៊ីលលើកប៉ាល់មួយគ្រឿងនៅសមុទ្រក្រហម និងបានបាញ់យន្ដហោះដ្រូនមួយគ្រឿងឆ្ពោះទៅ កាន់អ៉ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
ក្រុមហ៊ូទី បាននិយាយថានឹងបន្តបើកការវាយប្រហារលើអ៉ីស្រាអែល និងកប៉ាល់ទាំងឡាយណាដែលធ្វើដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែល ឆ្លងកាត់តាមសមុទ្រក្រហម ដើម្បីជំរុញឱ្យអ៉ីស្រាអែលបញ្ឈប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា។ ចំណែក សហរដ្ឋអាមេរិកវិញក៏បានបង្កើតក្រុមចម្រុះមួយ ក្នុងការដឹកនាំបេសកកម្មការពារសន្តិសុខ និងទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីនៅសមុទ្រក្រហមផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ nguoiduatin.vn


ចែករំលែក៖