ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់សម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត ជុំវិញការលើកឡើងម្តងហើយម្តងទៀតអំពីប្រវត្តិសាស្រ្តរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការនិយាយពីរឿងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យចងចាំពីប្រវត្តិសាស្រ្ត និយាយឱ្យយើងដឹងថា ដើរដល់ណា ដើម្បីយើងមានភាពជឿជាក់និងមោទនភាពថាខ្មែរយើងបានរួមគ្នាដើរដល់ចំណុចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើទោះបីជាយើងមិនទាន់អភិវឌ្ឍន៍ដូចនៅសហរដ្ឋអាមេរិកក៏ដោយ ក៏យើងគួរមានមោទនភាពដែលប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ខ្មែរយើងបានបញ្ចប់នូវការបែកបាក់គ្នា ការកាប់សម្លាប់គ្នា ដែលបច្ចុប្បន្ននេះមានការរីកចម្រើន ហើយបើសិនយើងធានាបាននូវសុខសន្តិភាព គឺយើងនឹងកាន់តែរីកចម្រើនថែមទៀតតទៅអនាគត។ 

សូមបញ្ជាក់ ៖ កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ កម្ពុជាមិនមានអ្នក ស្លាប់ របួសពិការ ស្រ្តីមេម៉ាយ និងក្មេងកំព្រាដោយសារសង្គ្រាមទៀតនោះទេ។ បន្ទាប់ពីរយៈពេលជាងម្ភៃឆ្នាំ នៃសន្តិភាពពេញលេញ ដែលបាន កើតឡើងលើទឹកដីកម្ពុជា គឺមានកត្តាចំនួន៦ សំខាន់ៗ ដោយ ៖

ទី១៖ គឺ២៥ឆ្នាំមកនេះ អត់មានមនុស្សស្លាប់ របួសពិការ ដោយសារ ការប្រយុទ្ធទេ ប្រសិនបើសង្គ្រាមបន្ត២៥ឆ្នាំមកនេះ ហើយប្រសិនបើប្រទេសមានសង្គ្រាមមកដល់ពេលបច្នុប្បន្ននេះ ថាតើមាន ប្រជាជនប៉ុន្មាននាក់ទៀតទៅ ដែលត្រូវរបួស ពិការនិងស្លាប់?។ 

ទី២៖ មុនឆ្នាំ១៩៩៨ ដែលជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ចំនួនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមច្រើនណាស់ហើយ តែក្រោយឆ្នាំ១៩៩៨ យើងមិនមានអ្នករងគ្រោះ ដោយសារសង្គ្រាម ប៉ុន្តែប្រសិនបើយើងពន្យារពេលរហូតទៅដល់២៥ឆ្នាំថែមទៀត តើជនពិការដោយសារសង្គ្រាម នឹងមានចំនួនប៉ុន្មាននាក់ កើនឡើង បន្តទៅទៀត។ 

ទី៣៖ ២៥ឆ្នាំមកនេះ កម្ពុជាក៏មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រាដោយសារសង្គ្រាមនោះដែរ។ 

ទី៤ – ២៥ឆ្នាំនេះ កម្ពុជាក៏មិនមានជនភៀសសឹកនៅកម្ពុជានោះទេ។ ប៉ុន្តែអាចមានជនភៀសខ្លួន ដែលគេចពីទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព តែប៉ុណ្ណោះ។ 

ទី៥ ៖ ២៥ឆ្នាំនេះ មិនមានការផ្តាច់ផ្លូវ ដុតសាលារៀន មន្ទីរពេទ្យ និងវត្តអារាមទៀតនោះទេ ។ 

និងទី៦ អវត្តមាន សង្គ្រាម បានអនុញ្ញាតឱ្យមានការរៀបចំប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះគ្រាប់កាំភ្លើងមិនស្គាល់ប្រជាធិបតេយ្យ ឬ សិទ្ធិមនុស្ស នោះទេ បើត្រូវបាញ់គ្នា គឺបាញ់ហើយ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរិះគន់ លើអ្នកនយោបាយមួយចំនួនដែលមិនហ៊ានទទួលស្គាល់ចំពោះ សន្តិភាពរបស់ប្រទេស កម្ពុជា។ សម្តេចតេជោបន្ថែមទៀតថា វត្តមានសន្តិភាពជំនួសឱ្យសង្គ្រាមនេះ បានផ្តល់ឱកាសឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ នៅក្រោយសង្គ្រាមគឺមានប្រជាជនប្រមាណ៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមាន ចំនួន១៧លានហើយ ។«ដូច្នោះក្រោយសន្ដិភាពបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាពីមុន បានដាក់ចេញនូវគោលដៅ២សំខាន់ ៖ 

ទី១. ប្រែក្លាយដី អតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ។

និងទី២. ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមួយសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដោយបច្ចុប្បន្ននេះគោលដៅទី១ បានសម្រេចរហូតទៅ ដល់ ៩៥ភាគរយ ដែលប្រែក្លាយពីតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ខណៈ៥ភាគរយដែលនៅសល់ គឺជាតំបន់ដែល មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើការងារនេះបន្ដទៀត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖