ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់ជើងឯកបានប្រែក្លាយពីកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់មកជាតំបន់អភិវឌ្ឍន៍ ដោយសារកត្តាសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា តំបន់ជើងឯកនេះ ពីមុនជាកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់រាប់ម៉ឺននាក់ ប៉ុន្តែឥឡូវនេះ ក្លាយជាតំបន់រីកចម្រើនមានផ្លូវខ្វាត់ខ្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងទទួលបានសព្វថ្ងៃនេះ កើតឡើងដោយសារកត្តាសុខសន្តិភាព ហើយដរាបណាសុខសន្តិភាពនៅតែរក្សាបាន តំបន់បឹងជើងឯក នឹងកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់វាលសម្លាប់មនុស្សនៅបឹងជើងឯក  ឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលបម្រើដល់ផលប្រយោជន៍សាធារណៈយ៉ាងសំខាន់នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ហើយសម្តេចបានអំពាវនាវឱ្យ កូនខ្មែរទាំងអស់ត្រូវឈប់កាប់ចាក់គ្នា ដើម្បីថែរក្សាសន្ដិភាព និងការអភិវឌ្ឍ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ ៕ 

ដោយ ៖ សិលា


ចែករំលែក៖