ខេត្តសៀមរាប៖ យោងតាមក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ស្រ្តីម្នាក់ មានកូនក្នុងផ្ទៃ និងកូនអាយុ ៣ឆ្នាំម្នាក់ទៀត ត្រូវបានស្លាប់ យ៉ាងអាណោចអាធ័មក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះតូបលក់ដូរមុខផ្សារក្រោម នៅក្រុងសៀមរាប។
ប្រភពដដែលបន្តថា បន្តថា ករណី “គ្រោះអគ្គិភ័យ” ឆាបឆេះបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ០៣នាក់ បានកេីតឡេីងកាលពីទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង៥០នាទី ស្ថិតត្រង់ចំណុចភូមិវិហារចិន សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមរឿងហេតុ បានបញ្ជាក់ថា ករណី “គ្រោះអគ្គិភ័យ មានតូបលក់ដូរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ដែលម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ០៣នាក់ ៖ ទី១,ឈ្មោះ អ៊ុក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ទី២,ឈ្មោះ អ៊ុក ឌី ភេទប្រុស អាយុ៤ឆ្នាំ និង៣,កូននៅក្នុងផ្ទៃ អាយុ២ខែ។ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម(ចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីមានហេតុការណ៍ខាងលេីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ បានចុះដល់ កន្លែងកើតហេតុ ជួយពន្លត់ឲ្យរលត់វិញនៅវេលាម៉ោង ៦:២០ នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យអស់ចំនួន ០៦គ្រឿង (រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង រថយន្តអជ្ញាធរអប្សរាចំនួន ០២ គ្រឿង រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង) ។ ខូចខាតតូបលក់ដូរអស់ចំនួន ០៤តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតអស់ទាំងស្រុង)។ មូលហេតុកំពុងស្រាវជ្រាវ ។ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ជាបានទទួលរបាយការណ៍ឆ្លើយតប ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង ០៨និង០៥ នាទី ថ្ងៃ-ខែ-ឆ្នាំដដែល៕
ដោយ៖ ស តារា