ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់រកសុីជួញដូរសារធាតុញៀននិងអ្នកប្រើប្រាស់ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីវ័យចំណាស់ម្នាក់ដែលរកសុីជួញដូរសារធាតុញៀនរួមទាំងអ្នកប្រើប្រាស់ម្នាក់ផងត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួននៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

នគរបាលបានប្រាប់ថា ដើម្បីភូមិឃុំ សង្កាត់មានសុវត្ថិភាព លុបបំបាត់ការផលិត ការជួញដូរ ការចែកចាយ ការដាំដុះនិងប្រើប្រាស់គ្រឿងញៀន លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បញ្ជាដល់គ្រប់កម្លាំងនគរបាលនៃអធិការដ្ឋានគ្រប់ក្រុង ស្រុក ត្រូវរៀបចំផែនការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ដែលតែងតែធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា៖ ដំបូងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ចុះល្បាតក្នុងភូមិសាស្ត្រនិងបានឃាត់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ធី ថា  ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីសួរនាំឈ្មោះ ធី ថា បានសារភាពថា ថ្នាំញៀនដែលគេប្រើប្រាស់បានទិញពីឈ្មោះ ប៊ូ លី ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ ក្រោយពីទទួលបានចម្លើយសារភាពពីឈ្មោះ ធី ថា និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបន្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ឃាត់ខ្លួនឈ្មោះ ប៊ូ លី ភេទស្រី អាយុ៦៤ឆ្នាំ និងបានរកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតិញៀនចំនួន០៩កូនថង់តូចដែលជនសង្ស័យលាក់ទុកក្នុងស្មៅចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។ 

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាងកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកម៉ាំឡៃកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖