ក្រុមមេឃខៀវ Manchester City បានតាមមកពីក្រោយដើម្បីយកឈ្នះ Everton ៣ទល់១ ខណៈដែលម្ចាស់ជើងឯកមួយនេះរក្សាល្បឿនជាមួយនឹងក្រុមកំពូលតារាងទាំង៤ (Top 4) នៅ Premier League ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ធ្នូនេះ។
ក្រុមរបស់លោក Pep Guardiola មានបំណងលើកពានសម្រាប់រដូវកាលទី៤ជាប់ៗគ្នា ហើយមើលទៅហាក់ដូចជាធ្លាក់ចុះ៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងហង្សក្រហម ប៉ុន្តែបានរក្សាភាពធូស្រាលឡើងវិញជាមួយនឹងគ្រាប់បាល់ចំនួន៣គ្រាប់ក្នុងតង់ទី២ដើម្បីលើកពួកគេទៅចំណាត់ថ្នាក់ទី៤ក្នុងតារាង។
ក្នុងស្ថានភាពដ៏អាប់អួរ Everton បានជួបព្យុះភ្លៀងភ្លាមៗពី Man City ខណៈដែល Jordan Pickford បានធ្វើការសង្គ្រោះដ៏សំខាន់ដើម្បីរារាំង Julian Alvarez ស៊ុតចំគោដៅចំនួន២ដង ក៏ដូចជាការរក្សាការខិតខំប្រឹងប្រែងរបស់ Jack Grealish យ៉ាងពេញទំហឹង។
ក្រុមម្ចាស់ផ្ទះបាននាំមុខជាមួយនឹងការវាយបកដ៏មានអត្ថន័យជាលើកដំបូងរបស់ពួកគេនៃការប្រកួត នៅពេលដែល Jack Harrison បានស៊ុតចូលពីចម្ងាយ ហើយគាត់ស៊ុតចំគោលដៅប្រឆាំងនឹងអតីតក្លិបរបស់គាត់ ផុតដៃអ្នកចាំទី Ederson ធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់នៅនាទីទី២៩ ប៉ុន្តែ Man City បានឆ្លើយតបក្នុងតង់ទី២ ដោយគ្រាប់បាល់តាមស្មើរកបានដោយកីឡាករ Phil Foden នៅនាទីទី៥៣។
គ្រាប់បាល់ទី២របស់ Man City រកបានដោយ Julian Alvarez នៅនាទីទី៦៤ដោយការទាត់បាល់ប៉េណាល់ទី ហើយ Bernardo Silva រកបានគ្រាប់បាល់ទី៣បន្ទាប់ពីការបញ្ជូនបាល់ខុសបច្ចេកទេសរបស់ Pickford នៅនាទីទី៨៦។
លទ្ធផលនេះធ្វើឲ្យ Everton ឈរកៀកនៅពីលើតំបន់កាត់ចោលមាន១៦ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧ក្នុង១៩ប្រកួត។ ចំណែក Man City ឡើងមកឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្នមាន៣៧ពិន្ទុ ក្នុង១៨ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)