ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ។
ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្តរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមក ទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖
• អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ដែលលាងដៃ។
. ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើ ផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។
. អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។
. បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដសមូលដ្ឋាន និងជួស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរឿងៗខ្លួនឱ្យបានគរមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។
. ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕
ដោយ៖ ស តារា