ភ្នំពេញ ៖ នាយរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាភាពជោគជ័យនៃនយោបាយឈ្នះឈ្នះដែលធ្វើឲ្យកម្ពុជាមានសន្តិភាពធ្វើឲ្យមានការអភិវឌ្ឍដល់បច្ចុប្បន្ន គឺកើតចេញពីការទុកចិត្ត។ ការទុកចិត្តគឺដោយសារតែមេដឹកនាំខ្មែរក្រហមដែលចុះចូលជាមួយនឹងរដ្ឋាភិបាលមានការទុកចិត្តចំពោះការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងឱកាសនៃការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមានប្រទេសច្រើនទេដែលអនុវត្តបានជោគជ័យនៅនយោបាយនេះ ហើយភាពមិនជោគជ័យនេះ គឺកើតឡើងដោយសារតែការមិនទុកចិត្ត។
សម្ដេចធិបតីថ្លែងថា៖ «វាមិនអាចបញ្ចប់នូវសង្គ្រាមបានទេបើគ្មាននូវការទុកចិត្ត។ បើគ្មានការជឿជាក់ទោះបីជាគោលការណ៍ល្អយ៉ាងណាក៏មិនអាចទៅដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា : ការជឿទុកចិត្តធ្វើឲ្យជោគជ័យ ក្រដាសវាគ្មានន័យទេបើគេមិនគោរព»។
យុទ្ធសាស្ត្រ ឌីហ្វីត ដែលបំផ្លាញនៅខ្មែរក្រហមរបស់សម្ដេចតេជោមានគោលការណ៍បីគឺ ការធានានៅការរស់រានមានជីវិត និងរូបកាយរបស់អ្នកផ្ដាច់ខ្លួន ការធានាអាជីពនិងមុខរបរដល់អ្នកដែលផ្ដាច់ខ្លួនទាំងអស់ និងការអភិវឌ្ឍជាក់ស្ដែង។
សម្ដេចធិបតីបន្ថែមថា៖ «នេះហើយគឺជាគន្លឹះនៃនយោបាយឈ្នះឈ្នះដែលធ្វើឲ្យយើងមាននិរន្តរភាពនៃសន្តិភាពនិងការអភិវឌ្ឍដែលមានសព្វថ្ងៃដែលយើងត្រូវបន្តអនុវត្តឲ្យបានជាដាច់ខាត»។
គួរឲ្យដឹងផងដែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះជាខួបលើកទី២៥ឆ្នាំ នៃ «ទិវានយោបាយឈ្នះឈ្នះ» ដែលនាំឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង។
សម្តេចធិបតីហ៊ុន ម៉ាណែត ចោទជាសំណួរថា ប្រសិនបើក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខ សន្តិភាពទេ តើមានទាហាន នគរបាល ឬបងប្អូនទាំងអស់ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈ វត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផលលាភដែលបានកើតឡើងចេញពីសុខសន្តិភាពនេះហើយ ៕
ដោយ ៖ សិលា