ភ្នំពេញ ៖ រដ្ឋសភាជាតិ បានបញ្ជាក់ថា : ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ ជាខួប២៥ឆ្នាំ(២៩ធ្នូ១៩៩៨ -២៩ធ្នូ២០២៣) នៃការបញ្ចប់សង្រ្គាម ស៊ីវិលទំាងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋខ្មែរពិតជាសប្បាយរីករាយជាទីបំផុត ជាមួយនឹងសន្តិភាពដែលទទួលបានពីភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹក ដី ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រចុងក្រោយរបស់កម្ពុជា។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម មានភាពដឹកនាំដ៏ថ្លៃថ្លា ជាស្ថាបនិកសន្តិភាព និងឥស្សរជនជាតិជាច្រើនទៀត ដែលបានពលីកម្មសព្វបែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុនាំមកនូវសុខសន្តិភាពនិងការអភិឌ្ឍជូនជាតិមាតុភូមិកម្ពុជា។
ក្រោមម្លប់សន្តិភាព ដែលជាមរតកដ៏មានតម្លៃគ្មានអ្វីកាត់ថ្លៃបាន កម្ពុជាក្នុងសម័យថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ពោរពេញដោយសមត្ថភាព និងមានសីលធម៌ខ្ពស់ កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស មានកេរ្តិ៍ឈ្មោះល្បាញល្បីបោះសំឡេងលើឆាកអន្តរជាតិ តាមរយៈការសាបព្រោះនូវវប្បធម៌សន្តិភាព ក្តីស្រឡាញ់សន្តោសប្រណី ដល់មនុស្សជាតិទូទំាងពិភពលោក ដូចអ្វីដែលមិត្តភ័ក្តិបរទេសបានលើកឡើងថា “កម្ពុជាប្រទេសតូច បេះដូងធំ”។
យើងខ្ញុំទាំងអស់ សន្យាថានឹងខិតខំការពារ ថែរក្សាសុខសន្តិភាព ដែលបានមកដោយលំបាកនេះ ឱ្យគង់វង្សស្ថិតស្ថិរសម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗ ជារៀងរហូតតទៅ៕
ដោយ ៖ សិលា