ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសព្រហ្មទណ្ឌកើតមាននៅក្នុងខេត្តកើតមានឡើង៨៩/៨២លើក កើនលើសឆ្នាំ២០២២ស្មើនឹង ៩%

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បទល្មើសព្រហ្មទណ្ឌកើតមាននៅខេត្ត ក្នុងឆ្នាំ២០២៣​កើតមានឡើង៨៩/៨២លើក កើនលើសឆ្នាំ២០២២ចំនួន០៧លើក ស្មើនឹង ៩% ដែលក្នុងនោះបទឧក្រិដ្ឋកើន០៨លើក បទមជ្ឈឹមថយចុះ០១លើក។ ជាមួយនឹងកំណើននៃបទល្មើសដូចនេះ កម្លាំងសមត្ថកិច្ចរបស់ខេត្តគ្រប់ជាន់ថ្នាក់ ក៏បានធ្វើប្រតិបត្តិការបង្ក្រាបបានរហូតដល់ ៧៨/៨៩ លើកស្មើនឹង ៨៨% នៃបទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន។ 

នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ឆ្នាំ២០២៣​ និងទិសដៅបន្តឆ្នាំ២០២៤​ របស់រដ្ឋបាលខេត្ត ធ្វើឡើងក្រោមអធិបតីភាព​លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣។ 

ក្នុងឱកាសនោះលោក ផាន់ ចាន់ធុល​ លើកឡើងថា​ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុក សុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងកំណែទម្រង់រដ្ឋ ដែលក្នុងនោះកម្លាំងប្រដាប់អាវុធ​ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គឺជាគ្រឹះដ៏រឹងមាំក្នុងការគាំទ្រដល់សកម្មភាពទាំងនេះ។

លោក​ បន្តថា​ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយវិបត្តិសង្គម ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋាន និងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ប្រចាំថ្ងៃ ដើម្បីបង្កបាននូវសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់យើង ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត   បន្តថា​ បទល្មើសក្រៅពីបទល្មើស​ព្រហ្មទណ្ឌ​ មានបទល្មើសផ្សេងៗដូចជា ល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ គ្រឿងញៀននិងបទល្មើសសេដ្ឋកិច្ច នៅកើតមានក្នុងមូលដ្ឋានមួយចំនួន កម្លាំសមត្ថកិច្ចជំនាញបានខិតខំស្រាវជ្រាវមុខសញ្ញា និងចេញធ្វើប្រតិបត្តិការបង្ក្រាបបានរហូតដល់៣៣៩លើក ក្នុងនោះបទល្មើសល្បែងស៊ីសង៤៥លើក និងបទល្មើសគ្រឿងញៀន២៦៧លើក ។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩០/៩២លើក ថយចុះ ២% ចំនួនអ្នកស្លាប់ថយចុះ ៩% រីឯគ្រោះថ្នាក់ផ្សេងៗបានកើតឡើងចំនួន ២២៤/២៣៧ លើក ថយចុះ៥% ធៀបនឹងឆ្នាំ២០២២៕​

ដោយ៖ វណ្ណា


ចែករំលែក៖