ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីអាយុជីវិតដើម្បីសុខសន្តិភាពនិងប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកគុណដល់យុវជន យុវនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់ៗរូប គ្រប់ជំនាន់ រួមទាំងយុទ្ធមិត្តអតីតយុទ្ធជន និងប្រតិបត្តិករដែលបានពលិកម្ម និងលះបង់គ្រប់បែបយ៉ាង រហូតបូជាអាយុជីវិត ដើម្បីបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិនិងប្រជាជន ព្រមទាំងដើម្បីសុខសន្តិភាពសម្រាប់មាតុភូមិជាទីស្នេហារបស់យើង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដួងព្រលឹងបុព្វបុរសនិងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងជានិម្មិតរូបនៃការពលិកម្មសម្រាប់បងប្អូនខ្មែរជំនាន់ក្រោយៗ ដើម្បីបន្តវីរភាព និងដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។ 

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ៖ យើងទាំងអស់គ្នា មិនថាកងកម្លាំងប្រដាប់ អាវុធគ្រប់ ប្រភេទប្រជាពលរដ្ឋខ្មែរទាំងអស់ គឺត្រូវចូលរួមថែរក្សាសន្តិភាព ដែលរកបានដោយកម្រនេះ ឲ្យខាងតែបាន ដោយសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា បានឈរនៅកន្លែង នេះរួមគ្នាបាន ជាក់ស្តែង សន្តិភាពដែលកម្ពុជាយើងទទួលបានក្នុងរយៈពេល២៥ឆ្នាំមកនេះ គឺបានផ្តល់ឱកាសឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ឱកាសការងារ និងផលលាភជា ច្រើនទៀត។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដរាបណាកម្ពុជា បន្តមានសុខសន្តិភាពគឺកម្ពុជា នឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ខណៈមហិច្ឆតារបស់ រាជរដ្ឋាភិបាលនឹងខិតខំលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែត ឡើង បន្ថែមទៀត នៅលើឆាកអន្តរជាតិ ដោយមហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖