ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ២៥ឆ្នាំមកនេះ ប្រទេសកម្ពុជា បានស្គាល់នូវភាពរុងរឿង សំបូរសប្បាយ ការអភិវឌ្ឍឥតឈប់ឈរ កំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាឱកាសប្រកាសអបអរសាទរ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «២៥ ឆ្នាំ មកនេះ ព្រះរាជាណាចក្រកម្ពុជា បានស្គាល់នូវភាពរុងរឿង សំបូរសប្បាយ ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរ។ យើងរក្សាបានកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព ដែលបានប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០»។
លោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសុខសន្តិភាព និងបើកចេញសក្ដានុពលដ៏ខ្លាំងក្លារបស់កម្ពុជា។ ក្រោមម្លប់ នៃសន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ នៃព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ឈរយ៉ាងរឹងមាំ ប្រកបដោយថាមពល និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់។ នេះជាកេរដំណែលដ៏ថ្លៃថ្លាដែលនយោបាយឈ្នះ ឈ្នះ បានបន្សល់ទុកឲ្យប្រជាជាតិខ្មែរ។
លោករដ្ឋមន្ត្រី បន្តថា លោក ចងចាំ និងដឹងគុណជានិច្ច ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករទាំងឡាយ នៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ សូមជម្រាបថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាខួប ២៥ ឆ្នាំ ហើយ នៃការបញ្ចប់សង្គ្រាមនៅ កម្ពុជា។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ដែល កម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ៕
ដោយ៖ស តារា