ភ្នំពេញ៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ជំរុញឱ្យអាជ្ញាធរ រាជធានី ខណ្ឌ សង្កាត់ ត្រូវពង្រឹងអភិបាល កិច្ចធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋ បាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
លោកប្រាក់ សំអឿន បានបញ្ជាក់បែប នេះជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំ២០២៣ និងលើកទិសដៅការ ងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ឆ្នាំ២០២៤ នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិ បាលកម្ពុជា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការ កែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
លោកបានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹង មាំ ។ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាពដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គមនិងការផ្សព្វផ្សាយ ពត៌មានមិនពិតឬញ៉ែញ៉ងតាមបណ្តាញសង្គម ។ ត្រូវរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុងធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ ព្រម ទាំងព្រឹត្តិការណ៍នយោបា យជាតិ តំបន់ និងអន្តរជាតិដែលរៀបចំឡើងនៅកម្ពុជាពិសេស ការដំណើរការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នាពេលខាងមុខ។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សន្និបាតថ្ងៃនេះ ដើម្បីទទួលបានបទពិសោធកាន់តែមានភាព សុក្រឹត និងច្បាស់លាស់ អង្គសន្និបាត បាន ប្រើប្រាស់វិធីសាស្ត្របែងចែកក្រុម ពិភាក្សា ក្នុងគោលបំណង ទទួលបានធាតុចូលកាន់តែច្បាស់លាស់ដោយផ្តោតជាសំខាន់ទៅ លើប្រធានបទចំនួន ៤។
លោកបានបន្ដថា៖ អង្គសន្និបាតទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បី ពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤។ នាពេលបច្ចុប្បន្ន ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ បានដំណើរ ការទៅដោយរលូន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣នេះ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈសរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋ ចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨លាន ដុល្លារអាមេរិក។
-ចំពោះមុខដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់ត កៀកជិតប្រជាពលរដ្ឌ អង្គសន្និបាត បានស្នើសុំគោលការណ៍ ដឹកនាំពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង-ស្ថាប័នថ្នាក់ជាតិ ដើម្បីពិនិត្យសំ ណើ សំណូមពរ លើការសម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីពន្លឿន ការផ្ទេរសេវា ដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូល តែមួយរាជធានីភ្នំពេញ, ស្នើសុំកែសម្រួលទម្រង់បែបបទនៃការស្នើសុំសេវាឱ្យមានលក្ខណៈសាមញ្ញ កាត់បន្ថយនូវសំណុំ ឯកសារភ្ជាប់ដែលមិនចាំបាច់, គាំទ្រផ្នែករដ្ឋបាល បច្ចេកទេស និងពង្រីកវិសាលភាពនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ បច្ចេកវិទ្យាឌីជីថល ៕
ដោយ ៖ សំរិត