ព័ត៌មានទាន់ហេតុការណ៍៖

សាច់បង្កកទៀតហើយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿង​ក្នុងប្រមាណជិត១៩តោន ត្រូវបានបង្ក្រាប !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព័ត៌មាន ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបញ្ជាក់អោយដឹងថា៖  មានសាច់បង្កកទៀតហើយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿង​ក្នុងប្រមាណជិត១៩តោន ត្រូវបានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាប២ទីតាំងនៅខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ វត្ថុតាងខាងលើត្រូវលោកព្រះរាជអាជ្ញារង សម្របសម្រួលនីតិវិធី សម្រេចឲ្យក្រុមការងារបិទឃ្លុំបេរកុងតឺន័រក្លាសេ្សទាំង២ទីតាំង និងដកហូតសំណាកវត្ថុតាងយកទៅពិនិត្យវិភាគរកមេរោគ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ (ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ។

សូមបញ្ជាក់ថាទីតាំងទី១ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទីតាំងទី២ ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

ការនាំចូលរបៀបនេះ នៅតែបន្តកើតមាន ជាក្តីបារម្ភបំផុត របស់ប្រជាពលតដ្ឋ ជាអ្នកបរិភោគ ងាយរងគ្រោះ ប៉ះពាល់សុខភាព ធ្ងន់ធ្ងរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖