ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ ទស្សនកិច្ចសិក្សានៅកងពលតូចអន្តរាគមន៍លេខ១២៨

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នោរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ម្សិលមុិញនេះ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បានប្រារព្ធពិធីដំណើរទស្សនកិច្ចសិក្សា របស់និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ ចំនួន១១៧នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ អំពីការដឹកនាំ គ្រប់គ្រង តួនាទី ភារកិច្ច របស់ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ក្រោមអធិបតីភាព លោក  ឧត្តមសេនីយ៍ឯក យិន ឆៃលី នាយកសាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជានាយកមហាវិទ្យាល័យការពារជាតិ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងប្រតិភូអមដោយ លោក យោធាចារ្យ មហាវិទ្យាល័យការពារជាតិ  ព្រមទងនាយទាហាន កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែង មតិស្វាគមន៍ និងធ្វើបទបង្ហាញដល់ និស្សិតដែលបានមកទស្សនកិច្ចសិក្សា នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ រួមទាំងការចែករំលែកចំណេះដឹង និង បទពិសោធន៍ នានាដែលកន្លងមក  ក្នុងការដឹកនាំអង្គភាព ប្រវត្តិសង្ខេបនៃការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ រចនាសម្ព័នចាត់តាំង តួនាទីភារកិច្ច ការងារកសាងអង្គភាព ការងារព្រំដែន និង ការងារកិច្ចសហការ ការងារអប់រំរៀនសូត្រ និងការងារបង្ករ បង្កើនផល .ល. ។

លោក ឧត្តមសេនីយ៍ឯក យិន ឆៃលី សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ និងជា នាយកមហាវិទ្យាល័យការពារជាតិ  បានកោតសរសើរចំពោះសកម្មភាព ដ៏រស់រវើករបស់មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ ធ្វើឲ្យមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ គោរពនឹងស្រឡាញ់រាប់អាន ឧត្តមសេនីយ៍ទោ មៀច សាមុត ពីទង្វើ និងសកម្មភាព ចុះជួយដល់អតីតយុទ្ធជន វិស័យមនុស្សធម៌ ការងារស្នូលរបស់អង្គភាព ពាក់ព័ន្ឋនឹងវិស័យយោធា ការងារកសាងបន្ទាយ ការងារព្រំដែន រួមទាំងសកម្មភាពទំនាក់ទំនងស្ថាប័នជាតិ ។

ចុងបញ្ចប់ លោក ឧត្តមសេនីយ៍ឯក ថ្លែងអំណរគុណចំពោះ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ដែលបានទទួលស្វាគម៍ ដ៏រាក់ទាក់បំផុត នូវក្រុមប្រតិភូ និស្សិត សកលវិទ្យាល័យការពារជាតិ និងបានចែករំលែកបទពិសោធន៍ល្អដល់និស្សិតដើម្បីជា គំរូវីរៈភាព មានឆន្ទៈមុះមុតស្នេហាជាតិមាតុភូមិ ក្នុងនោះក៏បានផ្តាំផ្ញើរដល់និសិត្សទាំងអស់ សិក្សាស្វែងយល់ពី ការដឹកនាំ និងការទំនាក់ទំនង ជាមួយនិងស្ថាប័នសាធារណៈ ដោយចេះឆ្ងល់ ចង់ដឹង ហ៊ានសួរ ហ៊ានឆ្លើយ ដើម្បី ឲ្យបានយល់កាន់តែស៊ីជម្រៅ។

បន្ទាប់ពីពិធីដំណើរទស្សនកិច្ចសិក្សា របស់និស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ បានបញ្ចប់រួច លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានគោរពអញ្ជើញគណៈធិបតី គ្រូយោធាចារ្យ នាយទាហាន និងនិសិ្សត ទងអស់ពិសារអាហារសាមគ្គី នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ៕

ដោយ ៖ សិលា


ចែករំលែក៖