ខេត្តបាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងបង្កការភ្ញាក់ផ្អើលសង្ស័យឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារទុស្សេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើរទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន ៥០គីឡូក្រាម , ចានឆ្នាំងនិងសម្លៀកបំពាក់មួយចំនួន សរុបជាទឹកប្រាក់ចំនួនប្រហែល ៤,០០០,០០០រៀល(បួនលានរៀល) ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ រឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារពីស្ថានីយ៍អគ្គិភ័យពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ ចំងាយប្រហែល២៩គីឡូម៉ែត្រ ហើយក្រោយពីទទួលបានព័ត៌មានពីមេភូមិ ផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុងទៅហើយ៕
ដោយ៖ ចន្ទ លីហ្សា