ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យសកម្មខាងឆក់ត្រី ត្រូវមន្ត្រីក្រុមអភិរក្សត្រីមេពូជឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យសកម្មខាងប្រើប្រាស់ឧបករណ៍ឆក់ត្រីពេលថ្ងៃនោះត្រូវបានក្រុមអភិរក្សត្រីមេពូជនាំគ្នាប្រដេញស្ទាក់ឃាត់ខ្លួនបានហើយ ។

ការឃាត់ខ្លួនជនសកម្មខាងឆក់ត្រីនោះកម្លាំងក្រុមអភិរក្សធ្វើឡើងនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ក្នុងតំបន់រាមសារចំណុចបន្ទាយកោះកាង ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពល្បាតអភិរក្សត្រីមេពូជកម្លាំងប្រចាំការតំបន់រាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី នៅវេលាម៉ោង២រសៀល បានចុះល្បាតត្រួតពិនិត្យតាមដានបទល្មើសឆក់ត្រីក្នុងតំបន់រាមសារនិងប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងឧបករណ៍ឆក់ពណ៌ក្រហមខ្នាតធំមូយគ្រឿង អាគុយចំនួន២ ទូកនិងម៉ាស៊ីនមួយសម្រាប់យកមករក្សាទុកអនុវត្តតាមនីតិវិធី ។

លោកចាន់ ធឿង មន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រាមសារបានបញ្ជាក់ថាជនសង្ស័យឈ្មោះអាន ផន អាយុ៣៥ឆ្នាំមានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជនសកម្មខាងឆក់ត្រី មិនថាពេលថ្ងៃឬពេលយប់នោះទេ ហើយក៏មិនដែលខ្លាចសមត្ថកិច្ចណាដែរ ។

លោកបន្តថា ជនសង្ស័យបាននិយាយចំអកថា កុំសួររឿងឆក់គិតជាលើក បើសួរឆ្នាំទើបត្រូវ នេះជាចរិតព្រហើនកោងកាចជាមួយនឹងច្បាប់   ហើយក្រុមការងារបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅមន្ទីរបរិស្ថានហើយដើម្បីអនុវត្តនីតិវិធីបន្ត។

លោកនិន ពិសី ប្រធានក្រុមផ្នែកបរិស្ថាន ប្រចាំតំបន់រាមសារបានបញ្ជាក់ដែរថាករណីនេះក្នុងនាមមន្ត្រីយុត្តិធម៌នឹងបញ្ចូនសំណុំរឿងនិងជនសង្ស័យរូបនេះទៅតុលាការនៅថ្ងៃទី២៩ខែធ្នូនេះ  ហើយចៅក្រមកំពុងសាកសួរបន្ថែម ដើម្បីអនុវត្តច្បាប់ឱ្យសមតាមបទល្មើសដែលបានប្រព្រឹត្ត ព្រោះអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ជលផលបានទូលំទូលាយរួចមកហើយ តែជនសង្ស័យនេះមិនចូលរួមអនុវត្តទេ។

ករណីនេះប្រជាសហគមន៍នេសាទនិងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញនិងស្ថាប័នតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារអភិរក្សត្រីមេពូជឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖