ខេត្តស្ទឹងត្រែង ៖ រថយន្តខ្នាតយក្សមួយគ្រឿងដឹកឈើខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទេងត្រែងធ្វើការបង្ក្រាបហើយប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ការបង្ក្រាបរថយន្តដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង០៧ៈ២០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ថា ប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបបានខណៈដែលក្រុមឈ្មួញបានធ្វើសកម្មភាពលួចដឹកឈើខុសច្បាប់ ហើយពេលកម្លាំងបង្ក្រាបបានភ្លាមក៏ប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ ។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាតនិយាយថា រថយន្ដខ្នាតយក្សដែលលួចដឹកឈើនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបហើយបញ្ជូនមកដល់ផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ហើយឈើទាំងនោះសុទ្ធតែឈើប្រភេទលេខ២ ។
លោកបន្ដថា បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការវាស់វែងនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
ចំពោះករណីខាងលើ កម្លាំងសមត្ថកិច្ចមិនបានឃាត់អ្នកបើកបរឬមេឈ្មួញឈើនោះឡើយ ដោយសារកម្លាំងចុះទៅដល់ ទាំងអ្នកបើកបរនិងមេឈ្មួញបានរត់គេចបាត់ស្រមោលភ្លាមៗដែរ តែទោះជាយ៉ាងណាអត្តសញ្ញាណឈ្មួញមិនអាចគេចរួចឡើយតាមរយៈការស្រាវជ្រាវលេខរថយន្ត ៕
ដោយ ៖ ជីវ័ន្ត