ព័ត៌មានទាន់ហេតុការណ៍៖

ការងារច្បាប់៖ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ អនុម័តបានច្បាប់ចំនួន៧

ចែករំលែក៖

ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុម័ច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក ។ សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើវិសោធនកម្ម បទបញ្ជផ្ទៃក្នុងរដ្ឋសភា ដែលសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ បានអនុម័តមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច

២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

៣-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

៤- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

៥- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម

៧-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានថិរវេលាចំនួន ៣ខែតាមច្បាប់កំណត់ គិតចាប់ពីថ្ងៃទី២១សីហា  រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។ 

នៅក្នុងរយៈពេលបីខែបន្តទៀតគឺជាពេលវេលាវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា របស់សមាជិកសមាជិការដ្ឋសភា ។ វិស្សមកាលជាពេលវេលាមួយ ដែលតំណាងរាស្រ្តចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលនានា។ នៅក្នុងរយៈពេលវិស្សមកាលនេះ រដ្ឋសភាអាចកោះប្រជុំវិសាមញ្ញបាន ប្រសិនជាមានការចាំបាច់ និងដោយមានការកោះប្រជុំពីប្រធានរដ្ឋសភា៕

ដោយ ៖ សិលា


ចែករំលែក៖