ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទុកពេលឲ្យលោក សាន ប៊ុនធឿន ៤៨ម៉ោងសុំទោសជាសាធារណ: បន្ទាប់ពី ប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ី វាទាល់តែអ្នកឯង ដេក ជាមួយអាឆ្មាំគុក”

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទុកពេលឲ្យលោក សាន ប៊ុនធឿន ៤៨ម៉ោងសុំទោសជាសាធារណ: ក្រោយប្រើ ពាក្យមិនសមរម្យប្រមាថមកមន្រ្តីពន្ធនាគារតាមបណ្តាញសង្គមកាលពីថ្ងៃ២៨ ធ្នូ ឆ្នាំ២០២៣ ។

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចេញ សេចក្តីថ្លែងការណ៍ ដោយលើកឡើងថា ៖ ករណី ឈ្មោះ សាន ប៊ុនធឿន ពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម

ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃ ព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុង អាការៈស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និង មន្ត្រី ពន្ធនាគារដោយបានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នកឯង ដេក ជាមួយអាឆ្មាំគុក”។

ក្នុងនាមមន្ត្រីពន្ធនាគារគ្រប់រូបទូទាំងប្រទេសរួមទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយក្តី អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានអំពើខុសឆ្គងណាមួយប្រព្រឹត្តដោយមន្ត្រី ពន្ធនាគារ ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌសិទ្ធិមនុស្ស និងសីលធម៌សង្គម អគ្គនាយកដ្ឋានពន្ធនាគារតែងលើកទឹក ចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងមកស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចដទៃទៀតមិនមែន ធ្វើការបកស្រាយដោយពាក្យសម្ដីគ្មានសីលធម៌ គ្មានការទទួលខុសត្រូវដូចបុគ្គល សាន ប៊ុនធឿននេះឡើយ។

អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន ប៊ុនធឿន ចេញមុខធ្វើការ សុំទោសជាសាធារណៈជាបន្ទាន់។ ក្នុងករណីឈ្មោះ សាន ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារត្រូវម្តងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាជាជនបដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រ ៕ 

ដោយ ៖ សហការី


ចែករំលែក៖