ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីទៀត​ ដូច្នេះ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីទៀត។ 

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសទេ។ ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។ ក្រសួង សុខាភិបាលសូមរំលឹកជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមាន សភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុស បំប្លែងថ្មីដែលជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។ 

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ដោយត្រូវអនុវត្តនូវវិធានការបង្ការ ដូចខាងក្រោម៖ • អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ដែលលាងដៃ។

• បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដូសមូលដ្ឋាន និងដួស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។

ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

ដោយ៖ ស តារា


ចែករំលែក៖