ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌៊។
បង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ (ក.ន.យ.) ដែលមានសមាសភាពដូចខាងក្រោម៖
១-លោក ជីវ សុងហាក់ អនុប្រធានទី១ (ក.ន.យ.)
២-លោក តាន់ហ៊ាង ដាវណ្ណ អនុប្រធានប្រចាំការ ក.ន.យ.
៣- លោក ស៊ូ សុជាតិ អនុប្រធាន ក.ន.យ អនុប្រធាន
៤-លោក សួន វិសាល អនុប្រធាន ក.ន.យ. អនុប្រធាន និងសមាជិកចំនួន១១ រូប ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងរបស់ ក.ន.យ. ស្របតាមតួនាទី ភារកិច្ចរបស់ ក.ន.យ. ដែលមានចែងក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌
ដឹកនាំពិនិត្យ និងផ្តល់ការតម្រង់ទិសលើការរៀបចំឯកសារទស្សនាទាននៃផែនការយុទ្ធសាស្ត្រ ក.ន.ឃ. តាមរយៈការកំណត់ចក្ខុវិស័យ គោលបំណង គោលដៅអាទិភាព ការបែងចែកមុខងារ ការទទួលខុសត្រូវ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក.ន.យ.
– ធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារលើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ផែនការ សកម្មភាព និងផែនការហិរញ្ញវត្ថុ ជូនប្រធាន ក.ន.យ.
រៀបចំកិច្ចប្រជុំដើម្បីដាក់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ រួមបញ្ចូលទាំងផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ និងទិសដៅការងារអាទិភាពទៅមុខជូន ក.ន.យ. ដើម្បីពិនិត្យ និងសម្រេច ពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងផ្តល់ការណែនាំ តម្រង់ទិស ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅអាទិភាពដែលបានដាក់ ចេញដោយ ក.ន.យ.
ដឹកនាំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំឆមាស និងប្រចាំឆ្នាំ
– ដឹកនាំសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍ ស្ថាប័នជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងការពង្រឹងសមត្ថភាពអង្គភាព និងមូលធនមនុស្ស
– អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចពីប្រធាន ក.ន.យ.។
អនុប្រធាន និងសមាជិកនៃក្រុមការងារនេះ ត្រូវចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានអាចកោះប្រជុំ ឬដឹកនាំកិច្ចប្រជុំជំនួសបាន តាមការប្រគល់សិទ្ធិ ពីប្រធាន។
ក្រុមការងារនេះ អាចអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធរបស់ក្រសួងយុត្តិធម៌ ដើម្បីចូលរួមប្រជុំ ពិភាក្សា និងផ្តល់យោបល់អំពីការរៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និង ផែនការហិរញ្ញវត្ថុរបស់ ក.ន.យ. ឱ្យមានសង្គតិភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយតាមការចាំបាច់។
នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អត្តាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា