ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាងបីខែ រដ្ឋសភាទទួលពាក្យបណ្តឹងនិងសំណើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋចំនួន១០៦ករណី

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងរយៈពេលបីខែកន្លងមកនេះ រដ្ឋសភាបានទទួលពាក្យបណ្តឹងនិងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី។

រដ្ឋសភានីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបើកដំណើរការចាប់ពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣ មក និងមកខែធ្នូឆ្នាំ២០២៣នេះ មានរយៈពេលប្រមាណជាង៣ខែ។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភាបានប្រកាសបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ ដោយទទួលបានលទ្ធផលជាច្រើន នៅក្នុងនោះ រដ្ឋសភាបានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់បានចំនួន៦ សេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងមានសកម្មភាពជាច្រើនទៀតនៅក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ជាមួយគ្នានេះ ក្នុងរយៈពេលជាងបីខែមកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ បានចំនួន១៨លើក និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពញេទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាមានិតឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភា CLV ដែលរដ្ឋសភាឡាវ ធ្វើជាម្ចាស់ផ្ទះ។

ក្នុងចំណោមពាក្យបណ្តឹងនិងសំណើសុំអន្តរាគមន៍ពីរដ្ឋសភា ទំាង១០៦ករណី រដ្ឋសភា  បានបញ្ជូន ទៅក្រសួងស្ថាប័នមានសមត្ថកិច្ច ធ្វើការដោះស្រាយចំនួន ៤៤ករណី កំពុងពិនិត្យសិក្សាចំនួន៦១ករណី  តម្កល់ទុកឥតចាត់ការចំនួន ១ករណី និងបានទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចវិញ បានចំនួន ១៤ ករណី៕

ដោយ ៖ សិលា


ចែករំលែក៖