ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេសកម្ពុជា កាលពីម្សិលមិញនេះ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនក្នុងថ្ងៃតែមួយ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់នោះ មាន ៥១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៨ករណី និងជនសង្ស័យ ០៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៩ករណី។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះ លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា