ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យឈ្មោះ យ៉េត ច័ន្ទគ្រិស្នា ភេទប្រុស ដែលបើករថយន្ដ Hammer បុកម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លាប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្នរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ជនបង្កដែលជាអ្នកបើករថយន្ដ Hummer នេះឈ្មោះ យ៉េត ច័ន្ទគ្រិស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 41 ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កអ្នកបើករថយន្ដម៉ាក Hummer បានបុកមនុស្ស២នាក់ម្តាយកូនស្លាប់និងបុរសជាប្តីរបួសធ្ងន់នៅខណ្ឌដូនពេញ នាពេលកន្លងទៅនេះ បានចូលខ្លួនមកសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បេីតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
គួររម្លឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូវព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធនិងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរក្នុងទិសដៅស្របគ្នាបានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះបណ្ដាលឱ្យប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល៕
ដោយ៖ ស តារា