ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា (ACU) បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃដំបូងនៃការប្រកាសទ្រព្យសម្បត្តិតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ ACU បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន ៧៦៥៤រូបហើយ និងមានក្រសួង ស្ថាប័នមួយចំនួនបានបញ្ចប់ការប្រកាស១០០%។
អង្គភាព ACU បានគូសបញ្ជាក់ថា គិតចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នេះ ថ្ងៃដំបូងនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧៦៥៤រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើនឹង ៤១.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប ដែលចំនួននេះ។
សូមជម្រាបជូនថា ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ឆ្នាំ២០២៤នេះដំណើរការមួយខែពេញនៃខែមករានេះ គឺចាប់ពីវេលាម៉ោង០៨ព្រឹក ដល់ម៉ោង០៥ល្ងាច ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕
ដោយ៖ តារា