ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បង្ហាញ​ពី ទិដ្ឋភាពបងប្អូន​ ពូមីង​ តាយាយ​ បានអញ្ជេីញទៅលេងកំសាន្តឆ្លងឆ្នាំថ្មី​ នៅតាមបណ្តារាជធានី-ខេត្ត​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ទិដ្ឋភាពបងប្អូន​ ពូមីង​ តាយាយ​ បានអញ្ជេីញទៅលេងកំសាន្តឆ្លងឆ្នាំថ្មី​ ឆ្នាំសាកល​ ២០២៤​ នៅតាមបណ្តារាជធានី-ខេត្ត​ យ៉ាងសប្បាយរីករាយ​ ក្រោមម្លប់នៃសុខសន្តិភាព​។ 

សូមជម្រាបជូនថា​ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិជាច្រើន បាននាំគ្នាសប្បាយរីករាយអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំ​២០២៤ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង មាត់ទន្លេ រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ វត្តភ្នំ និងកោះពេជ្រ។

ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៤នេះ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពី បណ្តារាជធានី-ខេត្ត ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ប្រមូល​ផ្ដុំ​គ្នា​កម្សាន្ត​សប្បាយ​រីក​រាយ​​ជា​មួយ​ក្រុមគ្រួសារ មិត្តភក្តិ នៅតាមទីកម្សាន្តនានា ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត តុប​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះពណ៌ ។

រាត្រីរាប់ថយក្រោយ (Countdown) ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ សហការជាមួយ ក្រុម​ហ៊ុន​នានា បានរៀបចំការប្រគំតន្ត្រី នៅតំបន់កោះពេជ្រ រៀបចំដោយអគ្គនាយកដ្ឋានវិទ្យុ និង​ទូរទស្សន៍ បាយ័ន នៅសួនច្បារបទុមវតី សួនច្បារសម្តេចតេជោ ហ៊ុន សែន និង​ទីតាំង​ផ្សេង​ទៀត​ផង​ដែរ​។

ជាមួយនិងស្នាមញញឹមសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅក្រោយវិបត្តិកូវីដ-១៩ គឺស្ថិតក្រោម ការ​ដឹក​នាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឺងម៉ាត់ និងសម្រេច​ចិត្ត​ត្រឹម​ត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកធ្វើឱ្យ​កម្ពុជា​គ្រប់​គ្រង​បាន​ជំងឺ​កូវីដ-១៩ និង បានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​សុវត្ថិភាព និងមាននិរន្តរ ភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន ៕

ដោយ​៖ នគរវត្ត​


ចែករំលែក៖