ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចៅក្រមស៊ើបសួរខេត្តសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ដែលមានផ្ទៃពោះ៦ខែហើយ ខណៈខឹងប្តីបានទិញសាំងយកមកចាក់ដុតផ្ទះ បណ្ដាលឱ្យរាលដាលឆេះផ្ទះអស់៣ល្វែង រួចហើយរត់គេចខ្លួនបាត់។
ប្រភពដដែលបន្តថា ស្ត្រីរូបនេះមានឈ្មោះ ជន់ សុភី អាយុ២៧ឆ្នាំ ត្រូវបានជាប់ចោទពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គឺដុតផ្ទះខ្លួនឯង កាលពីយប់ថ្ងៃទី២៩ ខែធ្នូថ្មីៗនេះ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។
មន្រ្តីដដែលបន្តថា ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅផ្ទះឪពុកម្តាយរបស់ខ្លួនស្ថិតក្នុងភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន តាមអំណាចនៃដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ មូលហេតុដោយសារតែខឹងរឿងប្តីមិនទៅយកនាងពីផ្ទះឪពុកម្តាយរបស់ខ្លួន។
សមត្ថកិច្ចបន្តថា មានករណីអគ្គិភ័យមួយកើតឡើង ផ្តើមចេញពីផ្ទះល្វែងជួលដែលមានឈ្មោះ មើរ ខ្មៅ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ជន់ សុភី អាយុ២៧ឆ្នាំ ជួលបើកជួសជុលនិងលក់គ្រឿងបន្លាស់ម៉ូតូ ។ ករណីគ្រោះអគ្គិភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះអស់ចំនួន៣ល្វែង ដែលម្ចាស់ផ្ទះឈ្មោះ ផាយ សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ជាអាជីវករ សរុបជាទឹកប្រាក់ប្រមាណ ៤០.០០០ដុល្លារ ព្រមទាំងសម្ភារកសិកម្មរបស់អ្នកជួលផ្ទះល្វែងដូចគ្នា ដែលមានឈ្មោះ អ៊ិត ដាវីត អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ សេង វ៉ាន់ឌី អាយុ២៨ឆ្នាំ ស្ទើរទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណ១០.០០០ដុល្លារ ។
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះ ជន់ សុភី ឆ្លើយថា «ដោយសារតែខឹងប្តីមិនទៅយកខ្លួនចេញពីផ្ទះឪពុកម្តាយនៅម្តុំភ្នំបូក ស្ថិតក្នុងភូមិរុន ឃុំរុនតាឯក នាងក៏ធ្វើដំណើរទៅផ្ទះល្វែងដែលប្ដីជួលបើកជួសជុលម៉ូតូ ។ នៅពេលទៅដល់ ក៏បានយកចបជីកគាស់ទ្វារពីខាងក្រោយ រួចចូលទៅក្នុងផ្ទះ ហើយយកប្រេងសាំងចំនួន៣ដបចាក់លើសាបស៊ីម៉ង់ត៍ក្នុងផ្ទះ បន្ទាប់មកក៏កេះដែកកេះដុតតែម្ដង ក្នុងគោលបំណងបញ្ចប់ជីវិត»។ ស្រ្តីជាប់ចោទ បន្តទៀតថា «ប៉ុន្តែដោយសារតែអាណិតកូនក្នុងផ្ទៃ ខ្លួនក៏គេចចេញទៅពួនសម្ងំនៅគុម្ពឫស្សីក្បែរនោះ រួចបន្តរត់គេចខ្លួនទៅសម្ងំនៅផ្ទះឪពុកម្ដាយ ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រីតែម្ដង។ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនក៏ត្រូវនគរបាលនាំទៅសាកសួរនៅអធិការដ្ឋានស្រុកបន្ទាយស្រីតែម្តង» ។
ដោយឡែកវត្ថុតាងចាប់យកពីស្រ្តីជាប់ចោទ រួមមាន៖ អំបែងដបប្រេងសាំងផ្ទុះបែកចំនួន៤បំណែក, ស្បែកជើងមនុស្សស្រីពណ៌ខ្មៅ១គូ និងចបជីក១៕
ដោយ៖ អ្នកសៀមរាប