ខេត្តកំពង់ស្ពឺ៖ ផ្លូវល្បឿនលឿនទិសដៅចូលរាជធានីភ្នំពេញស្ទះចម្ងាយ៩គីឡូម៉ែត្រ។ កកស្ទះដោយសារអ្នកបើកបរភាគច្រើនមិនប្រើ ETC និងមិនយល់ពីការ ប្រើច្រករវាង ETC និងច្រកបង់លុយធម្មតា។ ជាមួយគ្នានោះ នៅជិតបញ្ជរបង់ប្រាក់មានរថយន្តបុកបន្តគ្នា៥ រថយន្ត។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានការកកស្ទះយ៉ាងខ្លាំងនៅបញ្ជរបង់ប្រាក់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ការកកស្ទះនេះ អាជ្ញាធរបានណែនាំឱ្យអ្នកដំណើររកផ្លូវវាងមកតាមផ្លូវជាតិលេខ៤ តាមច្រកកំពង់ស្ពឺខាងលិច ឬខាងកើត ក៏បាន។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន÷
សូមស្វែងយល់ពីការចេញចូលគន្លង ទាំង៣ ប្រភេទលើ ផ្លូវល្បឿនលឿន ឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនរង់ចាំយូរ
សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖
– ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។
– ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។
– ប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញា ⬇️។ ការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។
បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។
លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត៕
ដោយ៖ សូរិយា