ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងរបួសធ្ងន់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២៤នេះថា

ករណីទី១បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១៤១និង១៤២ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកំពង់ចាម 1AC-0624  ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះគង់ សុខណាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុះស្វាយ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពេលនោះស្រាប់តែមានរថយន្ដម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-8986 បើកបរដោយឈ្មោះ ហេង សុខុន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយមក អ្នករបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំណែកមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង២និង៣៩នាទីរសៀលថ្ងៃទី០១ ខែ មករា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូម៉ាក HONDA DREAM ពណ៌ខៀវ ពាក់ស្លាកលេខ 70-B1.728.90 បើកបរដោយឈ្មោះ អ៊ូ ប៉ៅឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរឆ្លងថ្នល់ពីជើងទៅត្បូង គ្មានពាក់មួកសុវត្តិភាព បានបុកនឹងម៉ូតូម៉ាក អ៉ិចសិនទ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1H-9746 បើកបរដោយឈ្មោះ ថោ ចាន់ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ការកុងទឺន័រក្នុងផែសូ ងួន មានទីលំនៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច មានមួកសុវត្តិភាព (បានស្លាប់នៅលើកង់បីពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកបាវិត) ។

ចំពោះមធ្យោបាយធ្វើដំណើរសមត្ថកិច្ច បានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត។ ចំពោះមូលហេតុ  ម៉ូតូពាក់ផ្លាកលេខ 70-B1.728.90 បើកបរមិនគោរពសិទ្ធិអាទិភាព៕ 

ដោយ៖ សុថាន


ចែករំលែក៖