ព័ត៌មានទាន់ហេតុការណ៍៖

៣ប្រភេទគន្លងផ្លូវ​ នៃច្រកចេញចូលផ្លូវល្បឿនលឿន​ ដែលអ្នកបេីកបរត្រូវយល់ដឹង​ ដេីម្បីចៀសវាងការកកស្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អោយដឹងថា ៖ ច្រកចេញចូល​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖ 

-គន្លង ETC  ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។  ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។

-គន្លង ANPR  ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

-គន្លង MTC (⬇️) តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។

សូមលើកចិត្តឱ្យបងប្អូនចូលរួមប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជាពិសេសការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងការរីករាលដាលនៃជម្ងឺកូវីដ-១៩ផងដែរ។

បងប្អូនត្រូវដឹងថារថយន្តរបស់ខ្លួនអាចចូលចេញគន្លងណាបាន អាស្រ័យតាមការណែនាំខាងលើ។ ប៉ុន្តែប្រសិនបើជ្រើសយកការប្រើប្រាស់គន្លង ETC ឬ ANPR សូមបងប្អូនបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវាពិតជាជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួល។ សូមចូលទៅកាន់គេហទំព័រ​ https://ew.mpwt.gov.kh សម្រាប់ឈ្មោះគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ​។ 

សូមអញ្ជើញបងប្អូនទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីវិធីក្នុងការបញ្ចូលសមតុល្យ និងការទូទាត់កម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ដែលនឹងជួយសម្រួលឱ្យការធ្វើដំណើររបស់បងប្អូន កាន់តែមានភាពរហ័ស និងកាត់បន្ថយការកកស្ទះនៅនឹងបញ្ជរបង់ប្រាក់៕


ដោយ ៖ សិលា


ចែករំលែក៖